UPDATE_រដ្ឋធម្មនុញ្ញ_នៃព្រះរាជាណាចក្រកម្ពុជា_ខ្មែរ_អង់គ្លេស_បារាំង
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្រ្តគ្រប់និន្នាការនយោបាយ ដែលបានក្លាយទៅជាមូលដ្ឋានគ្រឹះគតិយុត្តដ៏រឹងមាំ សម្រាប់កសាងព្រះរាជាណាចក្រកម្ពុជាឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបទៅដោយចីរភាព។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញដែលមានលក្ខណៈពហុសណ្ឋាន ពោលគឺរដ្ឋធម្មនុញ្ញនេះ បានបង្កប់នូវគុណតម្លៃ ០២ គឺ គុណតម្លៃប្រពៃណី (ជាតិ សាសនា ព្រះមហាក្សត្រ) និងគុណតម្លៃទំនើប (ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដែលញ៉ាំងឱ្យរដ្ឋធម្មនុញ្ញនេះក្លាយជាកម្លាំងចលករប្រកបដោយថាមពលសម្រាប់ដំណើរការជាតិកម្ពុជាប្រកបដោយសុខដុមរមនា។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញ ដែលមានទាំងសមត្ថភាព និងគុណភាព អាចដោះស្រាយបញ្ហានានារបស់សង្គមជាតិ ប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់រៀងមកចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់ពេលនេះ ទើបញុាំងឱ្យរដ្ឋធម្មនុញ្ញនេះមានអាយុវែងជាងគេ (៣០ឆ្នាំ) បើប្រៀបនឹងរដ្ឋធម្មនុញ្ញកម្ពុជាក្នុងសម័យមុន។
ប្រទេសកម្ពុជាជាប្រទេសមួយដែលគិតមកទល់ពេលបច្ចុប្បន្ននេះមានរដ្ឋធម្មនុញ្ញចំនួន ០៦ មកហើយ ដែលស្ថិតនៅក្នុងរបបនៃការដឹកនាំរដ្ឋខុសៗគ្នា÷
-ដ្ឋធម្មនុញ្ញលើកទី១៖ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី១ ដែលមាន ១២ជំពូក និង ១២២មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ នេះជារដ្ឋធម្មនុញ្ញអាស្រ័យធម្មនុញ្ញតែរដ្ឋធម្មនុញ្ញនេះ មិនមានផ្លាស់ប្តូរទម្រង់ នៃការដឹកនាំនោះទេ គឺគ្រាន់តែមានការប្រែប្រួលខ្លះៗ ទៅតាមសភាពការណ៍ជាក់ស្តែងតែប៉ុណ្ណោះ។
-រដ្ឋធម្មនុញ្ញលើកទី២៖ គឺជារដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរ ដែលមាន១១ ជំពូក និង១២១ មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី១០ ខែឧសភា ១៩៧២។ រដ្ឋធម្មនុញ្ញនេះ ធ្វើឱ្យមានការផ្លាស់ប្តូររបបនយោបាយពីរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មកជារបបសាធារណរដ្ឋ បែបសហរដ្ឋអាមេរិកវិញ។
-រដ្ឋធម្មនុញ្ញលើកទី៣៖ គឺជារដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យដែលមានតែ ២១ មាត្រា ចែកចេញជា ១៦ ជំពូក ហើយត្រូវបានអនុម័តនៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៦។ រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យនេះ ដែលធ្វើឲ្យមានការផ្លាស់ប្តូររបបគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសកម្ពុជា ពីរបបសារធារណរដ្ឋ ប្រែទៅជារបបសកុម្មុនីសផ្តាច់ការ សម្លាប់រង្គាលលើប្រជាជនខ្លួនឯង ក្នុងអំឡុងពេល ០៣ឆ្នាំ ០៨ខែ និង ២០ថ្ងៃ។
-រដ្ឋធម្មនុញ្ញលើកទី៤៖ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជាធិបតេយ្យ មាន៩៣ មាត្រា និង១០ ជំពូក ហើយត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៨១។
-រដ្ឋធម្មនុញ្ញលើកទី៥៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៨៩ រដ្ឋសភានៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ដោយកែឈ្មោះប្រទេសកម្ពុជាពី សាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញ នៅក្នុងមាត្រា៤ នៃរដ្ឋធម្មនុញ្ញនេះចែងថា រដ្ឋកម្ពុជាអនុវត្តរបបនយោបាយពហុបក្ស។ រដ្ឋធម្មនុញនេះ មាន ៩៣ មាត្រា និង១០ ជំពូក។
-រដ្ឋធម្មនុញ្ញលើកទី៦៖ គឺជារដ្ឋធម្មនុញ្ញដែលប្រសូត្រចេញក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបា៉រីស ថ្ងៃទី២៣ តុលាឆ្នាំ១៩៩១។ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននាំគ្នាទៅបោះឆ្នោតទៅជ្រើសតាំងសភាធម្មនុញ្ញចំនួន ១២០ រូប តំណាង ឱ្យទូទាំងប្រទេសដោយតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ ដែលនាពេលនោះមានគណបក្សចំនួន ២០ ចូលរួមក្នុងការដណ្តើមសន្លឹកឆ្នោត។ ជាលទ្ធផលចុងក្រោយគឺ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានចំនួន ៥៨ អាសនៈ គណបក្សប្រជាជនទទួលបានចំនួន ៥១ អាសនៈ គណបក្សសេរីនិយមព្រះពុទ្ធសាសនាទទួលបាន ១០ អាសនៈ និងគណបក្សមូលីណាការទទួលបាន ០១ អាសនៈ។
បន្ទាប់ពីបោះឆ្នោតរួចសភាធម្មនុញ្ញបានដំណើរការយ៉ាងសកម្មរហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ បានអនុម័តរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាដោយសំឡេង ៩៧% គាំទ្រ ហើយត្រូវបានព្រះមហាក្សត្រនៃប្រទេសកម្ពុជាព្រះបាទនរោត្តម សីហនុ ប្រកាសប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះបានឆ្លងកាត់ការធ្វើវិសោធនកម្មចំនួន១០ លើករួមមកហើយ។
-លើកទី១ ថ្ងៃទី១៤ កក្កដា ១៩៩៤
-លើកទី២ ថ្ងៃទី០៤ មីនា ១៩៩៩
-លើកទី៣ ថ្ងៃទី០២ កក្កដា ២០០១
-លើកទី៤ ថ្ងៃទី១៨ កក្កដា ២០០៤
-លើកទី៥ ថ្ងៃទី១៨ ឧសភា ២០០៥
-លើកទី៦ ថ្ងៃទី០២ មីនា ២០០៦
-លើកទី៧ ថ្ងៃទី១៥ មករា ២០០៨
-លើកទី៨ ថ្ងៃទី០១ តុលា ២០១៤
-លើកទី៩ ថ្ងៃទី០៣ វិច្ឆិកា ២០២១
-លើកទី១០ ថ្ងៃទី២៨ កក្កដា ២០២២