សមាគមយុវជនធ្វើបាន
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ឧត្តមសេនីយ៍ឯក ឌី ពៅ សំណេះសំណាល និងឧបត្ថម្ភសម្ភារៈដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៩

ឧត្តមសេនីយ៍ឯក ឌី ពៅ សំណេះសំណាល និងឧបត្ថម្ភសម្ភារៈដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៩

0 comments 0 views
A+A-
Reset

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ឌី ពៅ នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមេបញ្ជាការរងនៃបញ្ជាការដា្ឋនអង្គរក្ស នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកក្រុមការងារធ្វើបទឧទ្ទេសនាម និងសំណេះសំណាលជាមួយសិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញអង្គរក្ស ពិសេសជំនាន់ទី២៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋាន អង្គរក្ស (ភ្នំស្រង់)។

ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ឌី ពៅ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង, លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត, សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះសិក្ខាកាមទាំងអស់នៃមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស(ភ្នំស្រង់) ទាំងអស់។

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់លោកនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស លោកឧត្តមសេនីយ៍ឯក ក៏បានអបអរសាទរនិងសូមកោតសរសើរនូវសកម្មភាពដ៏រស់រវើក និងស្មោះត្រង់ របស់ថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅគ្រប់កាលៈទេសៈ តែងទ្រទ្រង់ថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ ធ្នាប់សង្គម ដែលស័ក្តិសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជា។ ឧត្តមសេនីយ៍ឯក ឌី ពៅ បានបន្ថែមថា កត្តាសុខសន្តិភាព គឺជាបុព្វលក្ខខណ្ឌដែលមិនអាចខ្វះបាននៃកិច្ចអភិវឌ្ឍ និងភាពរីកចម្រើននៃប្រជាជាតិនីមួយៗ ជាពិសេសការធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរយៈនេះយើងអាចមើលឃើញ អំពីគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងយោធពលខេមរភូមិន្ទ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ហ៊ាន ធ្វើពលីកម្មជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ក្នុងបុព្វហេតុដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ដំណាក់កាល។

ក្នុងស្មារតីនេះមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្សត្រូវបន្តការងារអភិវឌ្ឍសមត្ថភាព នាយទាហាន និងពលទាហាន ឱ្យបានជាប់ជាប្រចាំត្រៀមកម្លាំងស្មារតី ដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ដែលអាចនឹងកើតឡើងជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិប្រយោជន៍ជាតិ និងប្រជាជន។ ត្រូវត្រៀមមធ្យោបាយសម្រាប់ដឹកជញ្ជូន សម្ភារៈ និងជនរងគ្រោះផ្តល់ជំនួយផ្តល់សេវា ថែទាំ ព្យាបាលសុខភាព បង្កើនកិច្ចសហការសម្របសម្រួលជាមួយសមភាគីផ្នែកស៊ីវិលក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចដែលកងទ័ពបានអនុវត្តរួចមកហើយ ក្នុងប្រតិបត្តិការសង្គ្រោះដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ កូវីដ១៩ ការដោះមីនរំដោះដីស្រែ ជូនប្រជាជនសម្រាប់បង្កបង្កើនផល និងការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាជននៅតាមជនបទ ជាដើម។

ឆ្លៀតនៅក្នុងឱកាសសំណេះសំណាលជាមួយសិក្ខាកាម និងមន្ត្រីនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) និងដើម្បីចូលរួមចំណែកក្នុងការសម្រេចឲ្យបានកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាកទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងស្របតាមបេសកកម្មការពារជាតិ កំណត់ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា លោកឧត្តមសេនីយ៍ឯក ឌី ពៅ ក៏ដាក់ចេញនូវគោលការណ៍ ៥ចំណុចថែមទៀត ជូនសិក្ខាកាមទាំងអស់អនុវត្តដូចខាងក្រោម៖

* ទី១៖ កងទ័ពត្រូវតែជាកងទ័ពដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំលក្ខន្ដិកៈ បទដ្ឋានគតិយុទ្ធនានា ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។

* ទី២៖ គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុតទៅលើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិ របស់អង្គភាពឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការជំនាញ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។

* ទី៣៖ គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន រៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិឱ្យមានប្រសិទ្ធភាព។ ជាពិសេសអង្គភាពទាំងអស់ត្រូវពង្រឹងការបង្កើនជំនាញដល់យោធិនឱ្យស្របទៅតាមភារកិច្ច។

* ទី៤៖ សូមអង្គភាពទាំងអស់យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ សម្ភារគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ។

* ទី៥៖ សូមអង្គភាពទាំងអស់ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែងដូចជា៖ ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ ធានាផាសុកភាព សុខុមាលភាព និងផលិតភាពក្នុងការបំពេញបេសកកម្មរបស់ខ្លួន។

 

បន្ថែមពីនេះទៅទៀត ក៏មានការចែកជូនសៀវភៅ ហ៊ុន សែន កម្ពុជា និង កុលាបក្រហមដងទន្លេមេគង្គ ប្រគល់ជូនបណ្ណាល័យកងអង្គរក្សបានសិក្សាស្រាវជ្រាវបន្ថែម។

ចែករំលែក

Leave a Comment